(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ បានបើកកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ របស់គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ ស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វង សូត អនុប្រធានទី២ នៃរដ្ឋសភា និងជាអនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ, ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម ចាយ បូរិន សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម ធា គ្រុយ សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត, ឯកឧត្តម ផារ៉ា មង្គល អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត ព្រមទាំងមានការចូលរួមពី ថ្នាក់ដឹកនាំគណបក្សខេត្ត-ស្រុក-ឃុំ-សង្កាត់ ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត និងសកម្មជនយុវជនគណបក្ស សរុបប្រមាណជាង ១,០០០នាក់ផងដែរ។
ក្នុងកិច្ចប្រជុំ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ស្វាគមន៍ ដោយបានលើកឡើងថា បច្ចុប្បន្ន រចនាសម្ព័ន្ធបក្សទូទាំងខេត្តត្រូវបានពង្រឹងយ៉ាងរឹងមាំ ដោយឈរលើស្មារតីយុទ្ធសាស្ត្រ «សមាជិកបក្សមួយរូប គឺជាសំឡេងឆ្នោតគាំទ្រគណបក្សមួយសន្លឹក»។
ឯកឧត្តម ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំ សមាជិក និងសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងខេត្តត្បូងឃ្មុំ សូមប្តេជ្ញាអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ឱ្យទទួលបានជោគជ័យតាមគោលដៅដែលបានកំណត់។
ក្នុងឱកាសនោះ ឯកឧត្តម ជា សុផារ៉ា បានពាំនាំនូវបណ្តាំសាកសួរសុខទុក្ខ ប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាស្រឡាញ់រាប់អានយ៉ាងជ្រាលជ្រៅពីសំណាក់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនដល់សមាជិក សមាជិកាគ្រប់រូប ដែលជាកម្លាំងចលករឈានមុខដ៏មានតម្លៃមិនអាចខ្វះបានរបស់បក្ស។
ឯកឧត្តមប្រធាន បានថ្លែងការកោតសរសើរខ្ពស់ចំពោះរដ្ឋបាលខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តកម្មវិធីនយោបាយ និងគោលការណ៍ណែនាំនានារបស់គណបក្សប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ព្រមទាំងបន្តផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន។
ឯកឧត្តម ប្រធានក្រុមការងារ បានជំរុញឱ្យក្រុមការងារគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ក្តាប់ឱ្យជាប់រាល់កង្វល់ តម្រូវការ និងបញ្ហាប្រឈមនានារបស់ពលរដ្ឋនៅមូលដ្ឋាន ដើម្បីធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា ព្រមទាំងពង្រឹងការផ្តល់សេវាសាធារណៈឱ្យកាន់តែខិតជិតប្រជាពលរដ្ឋ ព្រមទាំងពង្រឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងភូមិ-ឃុំមានសុវត្ថិភាព ឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ឯកឧត្តម ជា សុផារ៉ា ក៏បានអំពាវនាវឱ្យសមាជិក សមាជិកា ទាំងអស់ ត្រូវរួមគ្នាផ្សព្វផ្សាយពីសមិទ្ធផលពិត និងគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សតាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងកៀងគរការគាំទ្រពីមហាជនក្នុងការអភិវឌ្ឍប្រទេសជាតិ។
គួររំលឹកផងដែរថា យោងតាមការកំណត់ជាផ្លូវការ របស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ នឹងត្រូវប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ ដែលនេះជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយក្នុងការវាស់ស្ទង់ប្រជាប្រិយភាព និងគ្រឹះអំណាចរបស់បក្សនៅថ្នាក់មូលដ្ឋាន៕

