កិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័ត លើការងារ ផែនការលទ្ធកម្ម និងការងារអភិវឌ្ឍន៍ខេត្ត

(ត្បូងឃ្មុំ) ៖ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៨ អាណត្តិទី៤ របស់ខ្លួន ក្រោមអធិបតីភាពឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ។ កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រារព្ធឡើងនៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីឯកឧត្តម-លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករងរដ្ឋបាល នាយក-នាយករងទីចាត់ការ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ កងកម្លាំងទាំង បី ប្រភេទ ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើរបៀបវារៈសំខាន់ៗ ចំនួន ៥ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍខេត្តត្បូងឃ្មុំនាពេលអនាគត។

ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងជាប្រធានអង្គប្រជុំ ឯកឧត្តម បានដឹកនាំកិច្ចប្រជុំដោយយកចិត្តទុកដាក់ខ្ពស់លើរបៀបវារៈទាំង ៥ រួមមាន៖
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំលើកទី១៧។
២-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែតុលា ឆ្នាំ២០២៥។
៣-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងតារាងផែនការលទ្ធកម្មប្រចាំឆ្នាំ២០២៦។
៤-ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសម្រេចស្តីពីការកែសម្រួល និងបង្កើតលេខាធិការដ្ឋានចំណុះគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មខេត្ត។
៥-បញ្ហាផ្សេងៗ រួមទាំងការស្តាប់របាយការណ៍ពីគណៈកម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត។

មានប្រសាន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងក្នុងការដោះស្រាយបញ្ហាប្រឈមនានា ដែលកើតមានឡើងនាពេលកន្លងមក ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត បានស្នើដល់អង្គប្រជុំ សូមយកចិត្តទុកដាក់ក្នុងការពិនិត្យ ពិភាក្សា អនុម័ត និងចូលរួមដោះស្រាយឱ្យបានល្អិតល្អន់ ទៅតាមរបៀបវារៈនីមួយៗដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅតាមតម្រូវការ របស់ប្រជាពលរដ្ឋ សភាពការណ៍របស់រដ្ឋបាលខេត្ត និងស្របតាមគោលការណ៍ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។ ជាពិសេសសមាជិកក្នុងអង្គប្រជុំទាំងអស់ ចូលរួមបញ្ចេញមតិយោបល់ និងធានាថាគ្រប់របៀបវារៈត្រូវបានពិនិត្យស៊ីជម្រៅមុននឹងឈានទៅដល់ការអនុម័ត ប្រកបដោយភាពរលូន និងទទួលបានលទ្ធផលល្អប្រសើរ ។ ពិសេស ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់ នៃតម្លាភាព និងគណនេយ្យភាពក្នុងការអនុវត្តផែនការលទ្ធកម្ម ដើម្បីធានាបានថា ការចំណាយថវិការដ្ឋ មានប្រសិទ្ធភាព និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

ក្នុងឱកាសនេះដែរ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានឯកភាពលើរបៀបវារៈនៃកិច្ចប្រជុំ និងបានផ្តល់នូវប្រសាសន៍គន្លឹះមួយចំនួន ពាក់ព័ន្ធនឹងការងារលទ្ធកម្មសម្រាប់អភិវឌ្ឍន៍ខេត្ត ដែលការងារនេះគឺជាបេះដូងនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មសាធារណៈនៅក្នុងខេត្ត។ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញពីចក្ខុវិស័យវែងឆ្ងាយរបស់រដ្ឋបាលខេត្ត ដើម្បីពង្រីកលទ្ធភាពក្នុងការអនុវត្តគម្រោងអភិវឌ្ឍន៍ខ្នាតធំ នៃផែនការលទ្ធកម្មប្រចាំឆ្នាំ ដោយបានណែនាំអង្គប្រជុំឱ្យពិនិត្យ និងពិភាក្សារួមគ្នាលើផែនការលទ្ធកម្ម ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ការអនុវត្តកិច្ចការនេះបានត្រឹមត្រូវ និងមានប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕

Leave a Reply

Your email address will not be published. Required fields are marked *