(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយ និងកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈថ្នាក់ខេត្ត ស្ដីពីលទ្ធផលបឋមនៃសេចក្តីព្រាងរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ លើគម្រោងអាជីវកម្មរ៉ែលោហៈ តំបន់មេមត់ លើផ្ទៃដី ២,៧៤៦ហិកតា របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា)។ សិក្ខាសាលាដ៏សំខាន់នេះ ត្រូវបានធ្វើឡើងនៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីអភិបាលរងខេត្តទទួលបន្ទុក ប្រតិភូក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) ស្ថាប័នមន្ទីរជំនាញ និងអ្នកពាក់ព័ន្ធជាច្រើនរូប។
ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ប៉ែន កុសល្យ បានគូសបញ្ជាក់អំពីសារៈសំខាន់នៃគម្រោងវិនិយោគនេះ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបានសង្កត់ធ្ងន់ជាពិសេសទៅលើការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឯកឧត្តមបានថ្លែងថា រាល់គម្រោងអភិវឌ្ឍន៍ទាំងអស់ ត្រូវតែគិតគូរជាចម្បងពីផលប៉ះពាល់ជាវិជ្ជមាន និងអវិជ្ជមាន ទៅលើជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសការការពារបរិស្ថាន និងធនធានធម្មជាតិ ដែលជាកេរ្តិ៍ដំណែលសម្រាប់កូនចៅជំនាន់ក្រោយ។
ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិមុន ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា រហូតមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន បានទទួលស្គាល់ពីសារៈសំខាន់នៃធនធានធម្មជាតិ និងជីវចម្រុះរបស់ប្រទេស។ ក្នុងនោះដែរ ការការពារបរិស្ថាន និងធនធានធម្មជាតិត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងអំពីការទទួលខុសត្រូវក្នុងការបង្កើតផែនការគ្រប់គ្រងច្បាស់លាស់ ក្នុងការថែរក្សាដី ទឹក ខ្យល់ ភូគព្ភសាស្ត្រ ប្រព័ន្ធអេកូឡូស៊ី រ៉ែ ថាមពល ប្រេង និងឧស្ម័ន ថ្ម និងខ្សាច់ ត្បូង ព្រៃឈើ និងអនុផលព្រៃឈើ សត្វព្រៃ ត្រី និងធនធានជលផលជាដើម។ ជាក់ស្ដែង នៅខេត្តត្បូងឃ្មុំ ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន គឺចាប់ផ្តើមពីក្រុមហ៊ុនបានប្រឹក្សាយោបល់រៀបចំជារបាយការណ៍ ដើម្បីពិគ្រោះយោបល់ជាមួយគណៈកម្មការសម្របសម្រួលការងារ និងអ្នកពាក់ព័ន្ធ សម្រាប់ជាយន្តការអនុវត្តន៍គម្រោងប្រកបដោយជោគជ័យ។
ឯកឧត្តម ប៉ែន កុសល្យ បានជំរុញឲ្យក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) ត្រូវអនុវត្តតាមគោលការណ៍ណែនាំ និងបទប្បញ្ញត្តិបច្ចេកទេសនានាឲ្យបានម៉ឺងម៉ាត់ ព្រមទាំងត្រូវត្រៀមលក្ខណៈក្នុងការដោះស្រាយរាល់បញ្ហាប្រឈម ឬផលប៉ះពាល់ដែលអាចកើតមានឡើងចំពោះប្រជាពលរដ្ឋ។ ឯកឧត្តមបានសង្កត់ធ្ងន់ថា រដ្ឋបាលខេត្តនឹងបន្តតាមដាន និងត្រួតពិនិត្យយ៉ាងដិតដល់នូវការអនុវត្តគម្រោងនេះ ដើម្បីធានាថាផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងនិរន្តរភាពបរិស្ថានត្រូវបានការពារយ៉ាងពេញលេញ។
គួរបញ្ជាក់ដែរថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់សាធារណៈនេះ គឺជាការបង្ហាញពីតម្លាភាព និងគណនេយ្យភាពរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការផ្តល់ឱកាសឲ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើគម្រោងអាជីវកម្មរ៉ែលោហៈ តំបន់មេមត់ លើផ្ទៃដី ២,៧៤៦ហិកតា របស់ក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) ក្នុងភូមិសាស្រ្តស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

