ពិធីសំណេះសំណាល និងប្រគល់ថវិការគាំទ្រសម្ភាៈប្រើប្រាស់និងសិក្សា ដល់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ នៃសាលារៀនដែលរងផលប៉ះពាល់ចំនួន៨ ក្នុងខេត្តឧត្តរមានជ័យ

(ឧត្តរមានជ័យ)៖ នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥៦ ខ្ញុំបានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និង កីឡា ជួបសំណេះសំណាលសួរសុខទុក្ខ គណៈគ្រប់គ្រងសាលារៀន លោកគ្រូ អ្នកគ្រូ នៃសាលារៀនដែលរងផលប៉ះពាល់ចំនួន៨ ក្នុងខេត្តឧត្តរមានជ័យ ដែលប្រព្រឹត្តទៅនៅក្នុងបរិវេណ វិទ្យាល័យបន្ទាយអំពិល ដោយការចូលរួមពីសំណាក់ ឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត តំណាងដៃគូអភិវឌ្ឍ អង្គការអេដ អេ អាក ស្យុង អង្គការ World Vision តំណាងសប្បុរសជន Kungfu Kitchen។ សាលារៀនដែលរងផលប៉ះពាល់ទាំង៨ រួមមាន បឋមសិក្សាតាមន្តសែនជ័យ, បឋមសិក្សាជប់គគី, បឋមសិក្សាថ្មដូន, បឋមសិក្សាហនុមាន, បឋមសិក្សាមនោរម្យ១+២, បឋមសិក្សាបុស្សធំ, បឋមសិក្សាចន្ទក្រហមសែនជ័យ, បឋមសិក្សាហាលៀមសែនជ័យ និងមត្តេយ្យសហគមន៍ចំនួន២។

មានប្រសាសន៍នាឱកាសនេះ ខ្ញុំសូមកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ច ប្រកបដោយមនសិការទទួលខុសត្រូវខ្ពស់ របស់បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ពិសេសលោកគ្រូ អ្នកគ្រូ ដែលនៅតែបន្តយកចិត្តទុកដាក់បង្រៀនសិស្ស ព្រមទាំងមាតាបិតា អាណាព្យាបាលទាំងអស់ដែលជំរុញកូនឱ្យមកទទួលការអប់រំក្នុងគ្រាលំបាកនេះ ដោយគូសបញ្ជាក់ថា ប្រទេសជាតិមានការអភិវឌ្ឍ និងខឿនសេដ្ឋកិច្ចជាតិរឹងមាំ ដរាបណាមានធនធានមនុស្សដែលមានគុណភាព ដូច្នេះការអប់រំត្រូវតែបន្តទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

តាងនាមក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការបន្តចូលរួមគាំទ្រដល់វិស័យអប់រំនៅកម្ពុជា ពិសេសក្នុងអំឡុងជម្លោះព្រំដែនជាច្រើនខែកន្លងមក ពីសំណាក់ភាគីពាក់ព័ន្ធ និងសប្បុរសជនពីគ្រប់មជ្ឈដ្ឋាន និងបានបញ្ជាក់នូវការគាំទ្រដល់សហគមន៍អប់រំដែលរងផលប៉ះពាល់បន្តទៀត ឱ្យអស់ពីលទ្ធភាពនិងគ្រប់រូបភាព ដោយលើកឡើងថា ខណៈសង្គ្រាមបានបន្សល់ទុកនូវការលំបាក និងការចងចាំដ៏ឈឺចាប់ តែសូមឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សទាំងអស់ ប្រែក្លាយការឈឺចាប់នេះទៅជាកម្លាំងជំរុញឱ្យយើងរួបរួមគ្នា បន្តពង្រឹងសមត្ថភាព ខិតខំប្រឹងប្រែងរៀនសូត្រដើម្បីក្លាយជាមូលធនមនុស្ស ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន ដោយបញ្ជាក់ជាថ្មីថា “ការអប់រំត្រូវតែមានភាពធន់ ការអប់រំត្រូវតែបន្ត តាមរយៈនវានុវត្តន៍ ស្របតាមបរិបទជាក់ស្តែង”៕

៧ កុម្ភៈ ២០២៦ | ឧត្តរមានជ័យ

Leave a Reply

Your email address will not be published. Required fields are marked *