ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញចុះសំណេះសំណាល និងផ្សព្វផ្សាយសភាពការណ៍វិវត្តថ្មីៗនៅកម្ពុជា និងសមិទ្ធផលនានា ជូនដល់ក្រុមប្រឹក្សាឃុំ មន្រ្តីរាជការ ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖ នាថ្ងៃទី៩ និងទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមការងារ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយរដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋសរុបចំនួន ៧៥៤នាក់ ក្នុងក្រុង និងស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ រួមមាន ស្រុកមេមត់ ស្រុកពញាក្រែក ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងក្រុងសួង។

ក្នុងបេសកកម្មរយៈពេល ២ថ្ងៃនោះ ក៏មានការអញ្ជើញចូលរួមអមដំណើរដោយគណៈអភិបាលខេត្ត និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់រដ្ឋបាលក្រុង-ស្រុកទាំង៧ ក្នុងបរិយាកាសស្និទ្ធស្នាលបំផុត។ ក្នុងឱកាសនោះ អង្គពិធីក៏បានស្ដាប់នូវរបាយការណ៍ស្ដីពីសកម្មភាពការងារ និងវឌ្ឍនភាពនៃការអភិវឌ្ឍមូលដ្ឋាននាពេលកន្លងមកផងដែរ។

នៅក្នុងគ្រប់ពិធីសំណេះសំណាលនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបានជម្រាបជូនអង្គពិធីអំពីវឌ្ឍនភាពការងាររបស់ព្រឹទ្ធសភា លទ្ធផលនៃដំណោះស្រាយតាមសំណូមពររបស់អង្គបោះឆ្នោត និងសភាពការណ៍បច្ចុប្បន្ននៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

ឯកឧត្តមប្រធានក្រុមភូមិភាគ បានរំលឹកពីប្រវត្តិសាស្ត្រនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ និងឫសគល់នៃបញ្ហានៅតាមព្រំដែន ដោយសង្កត់ធ្ងន់លើការមិនគោរពតាមស្មារតីនៃឯកសារគតិយុត្តដែលប្រទេសទាំងពីរបានឯកភាពគ្នា ជាពិសេសសន្ធិសញ្ញាឆ្នាំ១៩០៤ និងអនុសញ្ញាឆ្នាំ១៩០៧ ដែលមានភ្ជាប់ផែនទីឧបសម្ព័ន្ធ ធម្មនុញ្ញអង្គការសហប្រជាជាតិ ធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ។ ឯកឧត្តមបានលើកឡើងពីសកម្មភាពរំលោភបំពានលើបូរណភាពទឹកដីកម្ពុជាពីភាគីថៃ ទោះបីជាមានការព្រមព្រៀងលើកិច្ចឈប់បាញ់ និងគោលការណ៍បន្ធូរបន្ថយភាពតានតឹងដើម្បីដោះស្រាយវិបត្តិដោយសន្តិវិធីយ៉ាងណាក៏ដោយ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានលាតត្រដាងពីល្បិចកលបង្កអស្ថិរភាពនៅតាមព្រំដែន និងបានបញ្ជាក់ពីសុច្ឆន្ទៈរបស់កម្ពុជាក្នុងការប្រកាន់យកការចរចាដោយសន្តិវិធី ជៀសវាងការប្រើកម្លាំងបាយ ដើម្បីសុខុមាលភាព និងសន្តិភាពសម្រាប់ប្រជាជាតិទាំងពីរ។

ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវមោទនភាពជាតិយ៉ាងខ្ពង់ខ្ពស់ ចំពោះស្មារតីសាមគ្គីភាព និងឯកភាពជាតិជាធ្លុងមួយរបស់ប្រជាពលរដ្ឋគ្រប់និន្នាការនយោបាយ ទាំងក្នុង និងក្រៅប្រទេស ជាពិសេសបងប្អូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ដែលបានផ្ដល់ការគាំទ្រទាំងកម្លាំងកាយ ចិត្ត និងសម្ភារ ដល់វីរយុទ្ធជននៅសមរភូមិមុខ និងបងប្អូនប្រជាជនភៀសសឹក។ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនបន្តរួមសាមគ្គីគ្នា និងមានជំនឿជឿជាក់លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការការពារបូរណភាពទឹកដី សុខសន្តិភាព និងការអភិវឌ្ឍជាតិ។

បន្ថែមលើនេះ ឯកឧត្តមបានផ្ដាំផ្ញើដល់អាជ្ញាធរ និងប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះវោហារសាស្ត្រអុជអាលបំបែកបំបាក់សង្គមជាតិពីសំណាក់ជនអគតិ និងជនក្បត់ជាតិ ក៏ដូចជាត្រូវពង្រឹងមហាសាមគ្គីជាតិឱ្យកាន់តែរឹងមាំក្នុងកាលៈទេសៈដែលមាតុភូមិកំពុងប្រឈមនឹងហានិភ័យនៃអំពើឈ្លានពាន។

ឯកឧត្តមបានគូសបញ្ជាក់ថា «កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាព និងចង់រស់នៅប្រកបដោយសន្តិសហវិជ្ជមានជាមួយបណ្តាប្រទេសទាំងអស់លើសកលលោក។ ក៏ប៉ុន្តែ សូមកុំយល់ច្រឡំថា ការស្រឡាញ់សន្តិភាពរបស់កម្ពុជា ជាការបោះបង់សិទ្ធិអធិបតេយ្យក្នុងការការពារបូរណភាពដែនដីរបស់ខ្លួននោះឡើយ»។

ជាទីបញ្ចប់ ឯកឧត្តមប្រធានក្រុមភូមិភាគទី២ បាននាំយកនូវសម្ភារ និងថវិកាមួយចំនួនចែកជូនដល់សមាជិក សមាជិកាអង្គបោះឆ្នោត និងមន្ត្រីរាជការដែលបានចូលរួម ព្រមទាំងបានផ្ដល់ថ្នាំពេទ្យជូនដល់មន្ទីរពេទ្យបង្អែកស្រុកទាំង៧ ក្នុងខេត្តត្បូងឃ្មុំផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *