(ត្បូងឃ្មុំ)៖ បេសកកម្មមនុស្សធម៌ដ៏ធំមួយ រយៈពេល ៣ថ្ងៃពេញ ក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ក្រោមស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា។
បេសកកម្មនេះ ដឹកនាំដោយ ឯកឧត្តម ស៊ាក ឡេង សមាជិកក្រុមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ ដោយមានការចូលរួមអមដំណើរពី ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្តត្បូងឃ្មុំ (តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត) និងលោក ស្រេង លី អភិបាលនៃគណៈអភិបាលស្រុក រួមនឹងអភិបាលរង និងមន្ត្រីរាជការ នៃរដ្ឋបាលស្រុកមេមត់ ព្រមទាំងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្មមនុស្សធម៌នៅកម្ពុជា (AMH) មកពីប្រទេសបារាំង។
ជាលទ្ធផលនៃការពិនិត្យ និងព្យាបាលជំងឺ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រុមគ្រូពេទ្យបានចុះជួយពិនិត្យដោយផ្ទាល់ នៅឃុំចាន់មូល (ស្ថិតនៅសាលប្រជុំឃុំ) និងឃុំដារ (ស្ថិតនៅវត្តដារ) ក្នុងស្រុកមេមត់ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ នៅឃុំចាន់មូល ព្យាបាលបានចំនួន ២២៨នាក់ (មនុស្សចាស់ ២១៧នាក់ និងកុមារ ១១នាក់) នៅនៅឃុំដារ៖ ព្យាបាលបានចំនួន ១៥៧នាក់ (មនុស្សចាស់ ១៥១នាក់ និងកុមារ ៦នាក់) សរុបរួម៖ ប្រជាពលរដ្ឋចំនួន ៣៨៥នាក់ ទទួលបានការពិនិត្យសុខភាព និងព្យាបាលជំងឺទូទៅដោយមិនយកកម្រៃ។
មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង បាននាំយកនូវបណ្តាំសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងអស់ ។ ឯកឧត្តមតំណាងក្រុម បន្តថា ការចុះពិនិត្យ និងព្យាបាលនេះ ធ្វើឡើងដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃសុភមង្គលគ្រួសារ និងសង្គម។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ស៊ាក ឡេង ក៏បានសម្តែងការដឹងគុណចំពោះវិរកងទ័ព ដែលការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ពីការឃ្លានពានរបស់ប្រទេសថៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលបានបរិច្ចាគធនធានជួយដល់សមរភូមិមុខ ក្នុងនាមជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ។ ឯកឧត្តមតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានជម្រាបជូនពីស្ថានភាពវិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្រោមយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” ក្នុងការដោះស្រាយបញ្ហាព្រំដែន។
ជាកិច្ចបញ្ចប់ ឯកឧត្តមតំណាងក្រុមសមាជិកព្រឹទ្ធសភា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា តាមរយៈការយកចិត្តទុកដាក់លើអនាម័យ “ហូបស្អាត រស់នៅស្អាត” និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ។
គួរបញ្ជាក់ដែរថា បេសកកម្មនេះមិនត្រឹមតែនាំមកនូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនូវជំនឿចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងខេត្តត្បូងឃ្មុំផងដែរ៕


