(ខេត្តតាកែវ):ថ្ងៃទី២៦ខែមេសាឆ្នាំ២០២៦
ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ បានអោយដឹងថា ប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ ទើបឡើងកាន់តំណែងថ្មី កំពុងត្រូវប៉ាន់ទំនិញគេចពន្ធ•ទំនិញបង់ពន្ធមិនគ្រប់•ទំនិញខុសច្បាប់និងទំនិញខូចគុណភាពដែលក្រុមឈ្មួញដឹកចេញពីប្រទេសវៀតណាម ចូលមកប្រទេសខ្មែរ តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងផ្សេងៗមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ ព្រំដែនខេត្តតាកែវ យ៉ាងពេញទំហឹងដោយមានអាងខ្នងបង្អែកនៅពីក្រោយចាំជួយបិទបាំងនូវភាព មិនប្រក្រតីពុករលួយរបស់មេគយច្រកទ្វារអន្តរជាតិ ភ្នំដិនហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។
បើគ្មានការបេីកដៃពីសំណាក់មេៗធំនៅខាងលើនោះទេប្រធានគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិននិងប្រធានស្នាក់ការច្រកភ្នំដិន មិនអាចធ្វើអ្វីៗតាម អំពើចិត្តបានឡើយ ចំណែកមេសាខាគយនិងរដ្ឋាករខេត្តតាកែវរក្សាភាពស្ងៀមស្ងាត់ បណ្ដោយអោយ ប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនឡើងកាន់តំណែងថ្មីធ្វើអ្វីៗតាម អំពើចិត្តមិនញញើតអង្គភាពប្រឆាំងអំពើពុករលួយឡើយ។
ប្រភពក្រុមឈ្មួញនិងអាជីវករនាំចូលទំនិញគេចពន្ធទំនិញបង់ពន្ធមិនគ្រប់នឹងបន្លែផ្លែឈើចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន បានបង្ហេីបអោយដឹងថា បើទោះប្បីពួកគាត់នាំចូលទំនិញបង់ពន្ធត្រឹមត្រូវរួចរាល់ហើយក៏ដោយចៀសមិនផុតពីការបង់លុយលើតុ ក្រោមតុ តាមការ កំណត់របស់ ប្រធានគយច្រកនិងប្រធានស្នាក់ការច្រកភ្នំដិនមិនអាចរំលងបាន។
បើយោងតាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវ បានអោយដឹងថា ចាប់តាំងពីឡើងកាន់តំណែងថ្មី ជាប្រធានការិយាល័យគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនមកបានប្រើតួនាទីនិង អំណាច ប្រមូលលុយដើប្បីស្រង់ដើម តាមរបៀបពុករលួយ ដោយគ្មានញញើតអង្គភាពប្រឆាំងអំពើពុករលួយអ្វីទាំងអស់។ការដែលបើកដៃអោយក្រុមឈ្មួញសម្រុកដឹក ជញ្ជូនទំនិញជាច្រើនប្រភេទចេញពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងមួយចំនួនទៀតនៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវ គឺជាប្រភពចំណូលដ៏សំខាន់របស់ប្រធាគយច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ដែលមានខ្នងបង្អែករឹងមាំ អោយក្ដោបសេដ្ឋកិច្ចម្នាក់ឯងដើម្បីស្រង់ដើមធ្វើ មានធ្វើបានយ៉ាងសុខស្រួល។
ទន្ទឹមនឹងនេះឈ្មួញដែលនាំចូលទំនិញគេចពន្ធ ទំនិញទំនិញបង់ពន្ធមិនគ្រប់ និងទំនិញខុសច្បាប់ ចេញពីប្រទេសវៀតណាម ចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន មានដូចជា៖(មាន់ ត្រី សាច់ បន្លែ ផ្លែឈើ ដូង សាវម៉ាវ…គ្រឿងកំប៉ុងភេសជ្ជៈ) ទំនិញផ្សេងៗច្រើនប្រភេទទៀត ក៏ជាប្រភពចំណូល របស់ប្រធានគយដ៍មហិមា កំពុង តែល្បីល្បាញខាងប្រព្រឹត្តរបៀបអំពើពុករលួយ យ៉ាងពេញបន្ទុក ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិនមួយនេះ ។
ហេតុនេះហើយទើបក្រុមអាជីវករតូចតាចរកស៊ីដឹកជញ្ជូនទំនិញបន្តិចបន្ទួចចេញចូលតាមច្រកមួយនេះសូមសំណូមពរទៅដល់ឯកឧត្តម អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ. ឯកឧត្តម គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា រួមនិងឯកឧត្តម វ៉ី សំណាង អភិបាល ខេត្តតាកែវ មេត្តាជួយដាក់មន្រ្តីជំនាញចុះពិនិត្យឡើងវិញខ្លះផង។ជាពិសេសឯកឧត្តម ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរចាត់មន្រ្តីជំនាញក្រោមឱវាទចុះស្រាវជ្រាវភាពមិនប្រក្រតីប្រព្រឹត្តរបៀបអំពើពុករលួយរបស់ប្រធានគយច្រកទ្វារអន្តរជាតិភ្នំដិន និងបក្សពួកឃុបឃិតគ្នាជាប្រព័ន្ធបើកភ្លើងខៀវអោយឈ្មួញធំៗសម្រុកដឹកជញ្ជូនទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់និងទំនិញខុសច្បាប់ចេញពីប្រទេសវៀត ណាមចូលមកប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន និងច្រករបៀងមួយចំនួនទៀត នៃខ្សែរក្រវ៉ាត់ព្រំដែនខេត្តតាកែវយ៉ាងពេញបន្ទុក៕

