(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ នេះ លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេសប្រចាំខេត្តត្បូងឃ្មុំ រួមដំណើរដោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យផ្ទាល់តាមមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក្នុងភូមិសាស្ត្រស្រុកត្បូងឃ្មុំ និងក្រុងសួង ដើម្បីធានាឱ្យដំណើរការប្រឡង នៅថ្ងៃទី១០ ខែសីហា ស្អែកនេះ ប្រព្រឹត្តទៅដោយរលូន។
ការចុះពិនិត្យនេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ ជាអភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករងរដ្ឋបាលខេត្ត នាយក-នាយករងទីចាត់ការ ចំណុះឲ្យរដ្ឋបាលខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត តំណាងអង្គភាពប្រឆាំងអំពើពុករលួយ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ មន្ត្រីពន្ធធនាគារ គណៈមេប្រយោគ គណៈកម្មការអប្បមាទ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។ ថ្នាក់ដឹកនាំបានពិនិត្យយ៉ាងល្អិតល្អន់លើស្ថានភាពទូទៅតាមមណ្ឌល រួមមាន៖ ការរៀបចំបន្ទប់ប្រឡង សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថានជុំវិញ និងសម្ភារបរិក្ខារចាំបាច់នានា សំដៅធានាឱ្យបាននូវគោលការណ៍ «ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន»។
នាឱកាសនោះ លោកជំទាវ សឿ សុជាតា បានណែនាំដល់គណៈកម្មការ និងមន្ត្រីប្រឡងទាំងអស់ ត្រូវបំពេញភារកិច្ចដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពតាមបទប្បញ្ញត្តិរបស់ក្រសួងអប់រំយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនឹងនេះ ឯកឧត្តម ឡុង ធាម និងឯកឧត្តម ប៉ែន កុសល្យ បានណែនាំឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច សហការគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ និងអនាម័យជុំវិញមណ្ឌលប្រឡងឱ្យបានល្អប្រសើរ ព្រមទាំងត្រៀមលក្ខណៈដោះស្រាយរាល់បញ្ហាចោទចំពោះមុខភ្លាមៗ។
ជាមួយគ្នានេះ ឯកឧត្តម ឡុង ធាម និងឯកឧត្តម ប៉ែន កុសល្យ បានណែនាំដល់មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ត្រូវសហការគ្នាឱ្យបានល្អក្នុងការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ចរាចរណ៍ អនាម័យ និងបរិស្ថានជុំវិញមណ្ឌលប្រឡង ព្រមទាំងត្រៀមលក្ខណៈដោះស្រាយបញ្ហាដែលអាចកើតមានជាយថាហេតុ ដើម្បីបង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពដល់បេក្ខជន គណៈមេប្រយោគ និងអ្នកពាក់ព័ន្ធទាំងអស់។
ទន្ទឹមនេះ ថ្នាក់ដឹកនាំ ក៏បានផ្តាំផ្ញើ និងលើកទឹកចិត្ត ដល់បេក្ខជនដែលត្រៀមចូលរួមប្រឡង ត្រូវរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ ត្រៀមសម្ភារៈចាំបាច់ និងអញ្ជើញទៅកាន់មណ្ឌលប្រឡងឱ្យបានទាន់ពេលវេលា ព្រមទាំងត្រូវគោរពបទប្បញ្ញត្តិ និងវិន័យនៃការប្រឡង។
សូមបញ្ជាក់ថា សម្រាប់សម័យប្រឡងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ខាងមុខនេះ ខេត្តត្បូងឃ្មុំមានមណ្ឌលប្រឡងសរុប ១០ មណ្ឌល ស្មើនឹង ២៤៨ បន្ទប់ និងមានបេក្ខជនប្រឡងសរុប ៦,១៩២ នាក់ (ស្រី ៣,៦២៣ នាក់) ដោយចែកចេញជាពីរថ្នាក់រួមមាន៖
-ថ្នាក់វិទ្យាសាស្ត្រ មាន ៣ មណ្ឌល ស្មើនឹង ៦១ បន្ទប់ មានបេក្ខជន ១,៥១៧ នាក់ មានដូចជា មណ្ឌល វិទ្យាល័យ ហ៊ុន សែន ចារថ្មី ចំនួន ២០ បន្ទប់, មណ្ឌល សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ចំនួន ២០ បន្ទប់ និង មណ្ឌល បឋមសិក្សា ស ខេង ខ្នារ ចំនួន ២១ បន្ទប់។
-ថ្នាក់វិទ្យាសាស្ត្រសង្គម មាន ៧ មណ្ឌល ស្មើនឹង ១៨៧ បន្ទប់ មានបេក្ខជន ៤,៦៧៥ នាក់ មានដូចជា មណ្ឌល វិទ្យាល័យសម្តេចតេជោ ហ៊ុន សែន សួង ចំនួន ៣៤ បន្ទប់, មណ្ឌល វិទ្យាល័យ ហ៊ុន សែន ខ្នារ ចំនួន ៣២ បន្ទប់, មណ្ឌល វិទ្យាល័យសម្តេចម៉ែ ចំនួន ៣២ បន្ទប់, មណ្ឌល បឋមសិក្សា ប្រជាកុមារ សួង ចំនួន ២៤ បន្ទប់, មណ្ឌល អនុវិទ្យាល័យរស្មីកុមារ ចំនួន ២៤ បន្ទប់, មណ្ឌល វិទ្យាល័យតេជោសែន ត្បូងឃ្មុំ ចំនួន ២១ បន្ទប់ និងមណ្ឌល បឋមសិក្សា ៧មករា ចំនួន ២០ បន្ទប់៕
អត្ថបទព័ត៌មាន និងរូបភាព ដោយ ៖ អារុណ្ណាទី

