ថ្ងៃទី២៧ខែកក្កដាឆ្នាំ២០២៦
(ខេត្តព្រះវិហារ)៖ មន្ត្រីអធិការកិច្ចជលផល នៃអគ្គនាយកដ្ឋានជលផល សហការជាមួយកម្លាំងចម្រុះ និងមានការសម្របសម្រួលពីស្ថាប័នអយ្យការ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំុចុះបង្ក្រាបការនាំចូលត្រីប្រាខុសច្បាប់ ដោយរឹបអូសបានត្រីប្រាចំនួន ១៨តោន ព្រមទាំងរថយន្តដឹកជញ្ជូន ១គ្រឿង នៅស្រុករវៀង ខេត្តព្រះវិហារ។
ប្រតិបត្តិការក្តៅនេះ បានធ្វើឡើងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំផ្ទាល់ពីលោក ភួង ទីណា ប្រធាននាយកដ្ឋានអធិការកិច្ចជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តព្រះវិហារ។
ទីតាំងចុះបង្ក្រាប៖ ភូមិរំចេក ឃុំរមណី ស្រុករវៀង ខេត្តព្រះវិហារ។វត្ថុតាងចាប់យក៖ រថយន្តស៊េរីធំម៉ាក HYUNDAI ពាក់ស្លាកលេខ រតនគិរី 3A-9055 ដឹកត្រីប្រាចំនួន ១៨តោន។
ស្ថានភាពជនសង្ស័យ៖ ជនសង្ស័យចំនួន ២នាក់ ដែលជាអ្នកបើកបរនិងអ្នកដឹកជញ្ជូន បានឆ្លៀតឱកាសរត់គេចខ្លួនចូលព្រៃបាត់ស្រមោល ខណៈសមត្ថកិច្ចចុះអន្តរាគមន៍។
មហាជនកំពុងដាក់ការសង្ស័យ និងទាមទារឱ្យសមត្ថកិច្ចជំនាញធ្វើការស៊ើបអង្កេតឱ្យបានស៊ីជម្រៅបន្ថែមទៀត ដើម្បីឆ្លើយតបនឹងសំណួរថា «តើត្រីប្រាទាំង ១៨តោននេះ នាំចូលមកពីច្រកណាមួយ ឬមកពីគោលដៅណាប្រាកដ?» និងដើម្បីវែកមុខមេខ្លោងធំៗនៅពីក្រោយខ្នងដែលហ៊ាននាំចូលផលិតផលជលផលខុសច្បាប់បំផ្លាញទីផ្សារកសិករក្នុងស្រុក។
បច្ចុប្បន្ន លោកព្រះរាជអាជ្ញា បានបញ្ជាឱ្យមន្ត្រីជំនាញកសាងសំណុំរឿងតាមនីតិវិធីច្បាប់ និងកំពុងពន្លឿនការស្រាវជ្រាវស្វែងរកម្ចាស់ទំនិញ និងជនសង្ស័យទាំង ២នាក់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ជាធរមាន! ៕ដោយ
និពន្ធនាយក ប៊ុនស៊ី

