ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» ដើម្បីបន្តបង្កើតគម្របបៃតង

(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីអបអរសាទរ «រុក្ខទិវា ៩ កក្កដា» ដើម្បីបន្តបង្កើតគម្របបៃតង និងភាពសុខដុមរមនាក្នុងខេត្តត្បូងឃ្មុំ។

ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណសាលាបុណ្យ ទល់មុខសាលាបឋមសិក្សា ប៊ុន រ៉ានី ហ៊ុនសែន បេង កោង ស្ថិតក្នុងភូមិបេងកោង ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងសាលាដំបូងខេត្ត ព្រមទាំងលោក-លោកស្រី នាយក នាយករង រដ្ឋបាលខេត្ត ទីចាត់ការ ចំណុះឲ្យរដ្ឋបាលខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាព រួមនឹងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស កាយរឹទ្ធិ កាកបាទក្រហម ស.ស.យ.ក. និងប្រជាពលរដ្ឋ។

នៅក្នុងពិធី លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានថ្លែងការស្វាគមន៍ និងលើកឡើងពីប្រវត្តិសាស្ត្រនៃ «រុក្ខទិវា» ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៥២ ក្រោមព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងរបស់ ព្រះករុណា ព្រះមហាវីរក្សត្រ «ព្រះបរមរតនកោដ្ឋ» ក្នុងសម័យសង្គមរាស្ត្រនិយម ក្នុងស្មារតីបណ្ដុះផ្នត់គំនិតប្រជាពលរដ្ឋឱ្យស្រឡាញ់ និងចូលរួមថែរក្សាព្រៃឈើ។ ដែលស្មារតីនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាបន្តវេន និងប្រារព្ធឡើងវិញយ៉ាងសកម្មចាប់តាំងពីឆ្នាំ១៩៩២ មក។

លោកប្រធានមន្ទីរបានបន្ថែមថា សម្រាប់ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តបានរៀបចំដាំកូនឈើប្រណិតចម្រុះ មានដូចជា គ្រញូង បេង ធ្នង់ និងនាងនួន ចំនួន ៤១៦ ដើម លើផ្ទៃដី ១,៥ ហិកតា និងបានចែកជូនប្រជាពលរដ្ឋយកទៅដាំបន្តចំនួន ៨០ ដើម។ ចំពោះលទ្ធផលកន្លងទៅ ក្នុងឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលព្រៃឈើបានបណ្តុះ និងចែកចាយកូនឈើបាន ២៨,០០០ ដើម ដាំលើផ្ទៃដីប្រមាណ ៤០ ទៅ ៤៥ ហិកតា ផងដែរ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានគូសបញ្ជាក់ថា ពិធី «រុក្ខទិវា» មិនមែនត្រឹមជាពិធីដាំដើមឈើធម្មតានោះទេ ប៉ុន្តែជាមរតកវប្បធម៌ និងជាការបំផុសស្មារតីស្រឡាញ់ធម្មជាតិ ក្រោមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់នៃ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

ឯកឧត្តមបានរំលឹកថា ពិធីនេះធ្លាប់ត្រូវបាត់បង់ទាំងស្រុងក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយត្រូវរៀបចំឱ្យមានឡើងវិញនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ១៩៨៤ ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឯកឧត្តមបានលើកឡើងថា «បើគ្មានសន្តិភាព ក៏គ្មានការដាំដុះ និងការអភិវឌ្ឍដែរ» ដោយបានរំលឹកផងដែរថា ស្រុកមេមត់ ដែលធ្លាប់ជាសមរភូមិក្តៅពោរពេញដោយគ្រាប់មីន បានប្រែមុខមាត់ទៅជា «តំបន់មាស» នៃវិស័យកសិកម្ម ក្រោម «នយោបាយឈ្នះ-ឈ្នះ» របស់ សម្តេចតេជោ ហ៊ុន សែន។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយផ្តោតលើការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារ «បូរណភាពបរិស្ថាន»។ សម្រាប់ខេត្តត្បូងឃ្មុំ ការដាំដើមឈើមានសារសំខាន់ណាស់ក្នុងការការពារដីកសិកម្ម លើកកម្ពស់សោភ័ណភាព និងរួមចំណែកសម្រេចឱ្យបាននូវគោលដៅបង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០។

ឯកឧត្តម ប៉ែន កុសល្យ បានណែនាំដល់អាជ្ញាធរ និងមន្ទីរជំនាញ ត្រូវបន្តពង្រឹងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ ការទន្ទ្រានដីព្រៃខុសច្បាប់ និងបន្តផលិតកូនឈើឱ្យបានច្រើនសម្រាប់ចែកចាយ។ ទន្ទឹមនឹងនេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យឈប់កាប់បំផ្លាញព្រៃឈើ ឈប់បរិភោគសាច់សត្វព្រៃ ហើយងាកមកចូលរួមដាំដើមឈើហូបផ្លែ ឬឈើប្រណីតនៅតាមគេហដ្ឋាន និងចម្ការ។ លើសពីនេះ ត្រូវបន្តជម្រុញចលនា «សាលាបៃតង» និង «វត្តបៃតង» នៅតាមសាលារៀន និងវត្តអារាម ព្រមទាំងដាំដើមឈើនៅតាមរោងចក្រ សហគ្រាស ដើម្បីជានិមិត្តរូបនៃអាជីវកម្មបៃតង។

ជាចុងក្រោយ ឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សថា «ការដាំឈើ គឺជាការដាំក្តីសង្ឃឹម» និងបានដឹកនាំការដាំកូនឈើជានិមិត្តរូប ក្រោមស្មារតី «មនុស្សម្នាក់ ដាំដើមឈើឱ្យបានយ៉ាងតិចមួយដើម» ដើម្បីបន្សល់ទុកជាបេតិកភណ្ឌបៃតងដ៏មានតម្លៃសម្រាប់កូនចៅជំនាន់ក្រោយ៕

អត្ថបទ និងរូបភាព ដោយ ៖ អារុណ្ណាទី

Leave a Reply

Your email address will not be published. Required fields are marked *