(ខេត្តត្បូងឃ្មុំ)៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ព្រមទាំងការណែនាំពី លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកវរសេនីយ៍ទោ ខឿន ឧត្តមបញ្ញា ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្ត និង លោក វ៉ាន់ សុខន អភិបាលរងស្រុកពញាក្រែក បានចុះផ្សព្វផ្សាយខ្លឹមសារអនុក្រឹត្យលេខ ០៣ អនក្រ.បក ស្តីពី «ការគ្រប់គ្រងសន្តិសុខ សុវត្ថិភាពនៅតាមទីតាំងរស់នៅប្រមូលផ្តុំ» ជូនដល់ប្រជាពលរដ្ឋក្នុងឃុំក្រែក និងឃុំត្រពាំងផ្លុង។
យុទ្ធនាការផ្សព្វផ្សាយនេះ បានរៀបចំឡើងជា ២ វគ្គ ក្នុងថ្ងៃតែមួយ ដោយមានប្រជាពលរដ្ឋចូលរួមសរុប ២២៥ នាក់ (ស្រី ១៣៥ នាក់)៖
ពេលព្រឹក៖ ធ្វើឡើងនៅសាលាឃុំត្រពាំងផ្លុង ជូនប្រជាពលរដ្ឋមកពីឃុំក្រែក និងឃុំត្រពាំងផ្លុង (ផ្នែកខាងជើង) សរុប ១១២ នាក់ (ស្រី ៤៦ នាក់)។
ពេលរសៀល៖ បន្តធ្វើនៅវត្តត្រពាំងផ្លុង ជូនប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងផ្លុងទី១ និងភូមិត្រពាំងផ្លុងទី២ សរុប ១១៣ នាក់ (ស្រី ៨៩ នាក់)។
ក្នុងឱកាសនោះ ក្រុមការងារបានពន្យល់ណែនាំយ៉ាងលម្អិតអំពីកាតព្វកិច្ច និងវិធានការសំខាន់ៗដែលមានកំណត់ក្នុងអនុក្រឹត្យ រួមមាន៖
– ការគ្រប់គ្រងទិន្នន័យអ្នកស្នាក់នៅ៖ ម្ចាស់ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ត្រូវកត់ត្រា និងផ្តល់បញ្ជីឈ្មោះអ្នកស្នាក់នៅ (ជាទម្រង់ក្រដាស ឬអេឡិចត្រូនិក) ព្រមទាំងរាយការណ៍ចំនួនអ្នកស្នាក់នៅឱ្យបានទៀងទាត់ជូនអាជ្ញាធរមានសមត្ថកិច្ច។
– វិធានការគ្រប់គ្រងជនបរទេស៖ ត្រូវពិនិត្យឯកសារស្នាក់នៅស្របច្បាប់មុនអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ និងត្រូវរាយការណ៍ពីវត្តមានស្នាក់នៅបណ្តោះអាសន្នជូននគរបាលយ៉ាងយូរ ២៤ ម៉ោង (ហាមដាច់ខាតការទទួលជនបរទេសខុសច្បាប់)។ ចំពោះជនបរទេសដែលមានប័ណ្ណស្នាក់នៅអចិន្ត្រៃយ៍ ត្រូវរាយការណ៍ដើម្បីចុះបញ្ជីស្នាក់នៅក្នុងរយៈពេលយ៉ាងយូរ ៤៨ ម៉ោង។
– បទដ្ឋានបច្ចេកទេស និងសុវត្ថិភាព៖ ម្ចាស់ទីតាំងត្រូវផ្តល់ប្លង់ប្រព័ន្ធសុវត្ថិភាពអគារជូនសមត្ថកិច្ចតាមការស្នើសុំ ត្រូវ រក្សាទុកទិន្នន័យកាមេរ៉ាសុវត្ថិភាពយ៉ាងតិច ៩០ ថ្ងៃ និងរក្សាទុកបញ្ជីកត់ត្រាចេញ-ចូលស្នាក់នៅយ៉ាងតិច ១ ឆ្នាំ។
ជាមួយគ្នានេះ សមត្ថកិច្ចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋបង្កើនកិច្ចសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលកំពុងកើតមានឡើងក្នុងសង្គម។
ពិធីផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅដោយរលូន និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ តាមរយៈការដេញដោលសួរសំណួរ និងការបកស្រាយចម្ងល់ផ្ទាល់នៅនឹងកន្លែង ដើម្បីរួមគ្នាយល់ដឹង និងពង្រឹងសន្តិសុខ សុវត្ថិភាពក្នុងសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់៕
រៀបរៀងអត្ថបទដោយ ៖ អារុណ្ណាទី
ប្រភពរូបភាព ៖ រដ្ឋបាលស្រុកពញាក្រែក

