ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ក្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី ក្នុងស្រុកត្បូងឃ្មុំ

(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបញ្ចុះបឋមសីលាសាងសង់ក្លោងទ្វារ វិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សី ក្នុងស្រុកត្បូងឃ្មុំ ។ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណវិទ្យាល័យ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ក្នុងពិធីនេះ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានមានប្រសាសន៍ស្វាគមន៍ និងបានគូសបញ្ជាក់អំពីស្ថានភាពអប់រំក្នុងស្រុកត្បូងឃ្មុំថា មានសាលារៀនសរុបចំនួន ១១៤កន្លែង រួមមាន៖ វិទ្យាល័យ ៨កន្លែង (រដ្ឋ ៧កន្លែង ឯកជន ១កន្លែង), អនុវិទ្យាល័យ ១១កន្លែង, បឋមសិក្សា ៨៦កន្លែង និងមត្តេយ្យសិក្សាដាច់ដោយឡែក ៩កន្លែង។

ដោយឡែក ចំពោះគម្រោងសាងសង់ក្លោងទ្វារវិទ្យាល័យ ហ៊ុន សែន ត្រពាំងឫស្សីនេះ បានចាប់ផ្តើមពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមគណៈកម្មការសាងសង់ដែលមានព្រះសទ្ធាភិញាណ សុវណ្ណចន្ទត្ថេរោ វ៉ាន ដាវី ព្រះគ្រូអនុគណស្រុកត្បូងឃ្មុំ ជាប្រធាន។ ក្លោងទ្វារនេះមានទំហំសសរ ១.៣០ម៉ែត្រ បណ្តោយ ១៣.៥០ម៉ែត្រ កម្ពស់ ១២ម៉ែត្រ និងគ្រោងចំណាយថវិកាសរុប ១០០,០០០,០០០រៀល។ បច្ចុប្បន្ន ថវិកាបានពីសាលា ៣៥,០០០,០០០រៀល និងពីសប្បុរសជន ៣៥,៩២២,០០០រៀល សរុប ៧០,៩២២,០០០រៀល ដែលនៅខ្វះ ២៩,០៧៨,០០០រៀល។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានសម្តែងការអបអរសាទរ និងសេចក្តីរីករាយជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ចំពោះការបើកការដ្ឋានសាងសង់ក្លោងទ្វារថ្មីនេះ ដែលជាការចូលរួមឧបត្ថម្ភពីព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម នៃសាលាគណស្រុកត្បូងឃ្មុំ ថ្នាក់ដឹកនាំ មន្ត្រីរាជការរដ្ឋបាលស្រុក ព្រមទាំងសប្បុរសជននានា។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា វិស័យអប់រំជាវិស័យអាទិភាពដ៏សំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស ស្របតាមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីកសាងប្រទេសជាតិឱ្យរីកចម្រើន។

ជាមួយគ្នានេះ ឯកឧត្តម ប៉ែន កុសល្យ ក៏បានក្រើនរំលឹកដល់សិស្សានុសិស្សទាំងអស់ឱ្យខិតខំរៀនសូត្រ គោរពវិន័យសាលា លោកគ្រូ អ្នកគ្រូ និងចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់ប្រភេទ។ ឯកឧត្តមក៏បានកោតសរសើរ និងថ្លែងអំណរគុណចំពោះលោកគ្រូ អ្នកគ្រូទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តបណ្តុះបណ្តាលចំណេះដឹង និងសីលធម៌ ធានាបាននូវគុណភាពអប់រំតាមគោលនយោបាយរាជរដ្ឋាភិបាល។

ជាចុងក្រោយ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណដល់ព្រះសទ្ធាភិញាណ សុវណ្ណចន្ទត្ថេរោ វ៉ាន ដាវី ព្រះគ្រូអនុគណស្រុកត្បូងឃ្មុំ គណៈគ្រប់គ្រងវិទ្យាល័យ លោក-អ្នកគ្រូ ដែលបានផ្តួចផ្តើម និងខិតខំកៀគរ រហូតទទួលបានការសាងសង់ក្លោងទ្វារ និងបញ្ចុះបឋមសិលានាឱកាសនេះ ជាពិសេស ក៏សូមថ្លែងអំណរគុណ ដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមជួយឧបត្ថម្ភទាំងថវិកា និងសម្ភារៈ ជាការសម្រួលការលំបាករបស់សាលាមួយកម្រិតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *