(ត្បូងឃ្មុំ) ៖ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធាន ស.ស.យ.ក និងជាប្រធានសមាគមនិស្សិតមុស្លិមកម្ពុជា អមដំណើរដោយ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយសង្គ្រោះបន្ទាន់ជាគ្រឿងឧបភោគ-បរិភោគ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន ១,១៣១ គ្រួសារ ដែលអំណោយសង្គ្រោះបន្ទាន់នេះ ផ្ដល់តាមរយៈអង្គការមុស្លិមហេលហ្វិន នៅប្រទេសអាឡឺម៉ង់ ផ្តល់តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ស្ថិតក្នុងឃុំជីរោទ៍ទី១ និងឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានធ្វើរបាយការណ៍សង្ខេប ជូនអង្គពិធីជ្រាប ដោយបានលើឡើងថា ក្នុងអំឡុងគ្រោះទឹកជំនន់ ក្នុងឆ្នាំ២០២៥នេះ កន្លងមកនេះ បានធ្វើឲ្យប្រជាពលរដ្ឋរងប៉ះពាល់ខូចខាតជាច្រើន មានដូចជា លំនៅឋាន ផលដំណាំស្រូវ និងចម្ការរួមផ្សំផ្សេងៗជាដើម។ ជាមួយគ្នានោះ លោកអភិបាលស្រុក បន្តថា ក្នុងនាមរដ្ឋបាលស្រុក និងក្នុងនាមប្រជាពលរដ្ឋ សូមសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះអង្គការមុស្លិមហេលហ្វិន នៅប្រទេសអាល្លឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ដែលបានយកអំណោយមកប្រគល់ជូនដល់បងប្អូននាពេលនេះ ដែលបានបង្ហាញ ឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមវេជ្ជបណ្ឌិត ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកត្បូងឃ្មុំយើង ។
នៅក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម វេជ្ជបណ្ឌិត សុះ មុះសិន បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខប្រកបដោយព្រះហឫទ័យអាណិតស្រលាញ់ដ៏ជ្រាលជ្រៅបំផុតពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ (ហ្លួងម៉ែ) ជូនចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងគ្រោះ។ ព្រះអង្គតែងតែយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់កូនចៅប្រជារាស្ត្រ ជាពិសេសក្នុងគ្រាដែលជួបការលំបាកដូចជាពេលនេះ។
ទន្ទឹមនឹងនោះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការដោះស្រាយឡើយ។
ឯកឧត្តម វេជ្ជបណ្ឌិត បានមានប្រសាសន៍សង្កត់ធ្ងន់ និងលើកឡើងអំពី«តម្លៃនៃសន្តិភាព» ព្រោះថាសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ សេរីភាពខាងជំនឿសាសនា ក៏បានធ្វើឱ្យប្រជាជនកម្ពុជាគ្រប់ជាតិសាសន៍ និងគ្រប់សាសនា អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា គ្មានជម្លោះសាសនា និងមានការយោគយល់គ្នាទៅវិញទៅមកក្រោមម្លប់តែមួយ។ ដូច្នេះ យើងទាំងអស់គ្នា ត្រូវដឹងគុណចំពោះស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន ដែលបានដាក់ចេញនូវ «នយោបាយឈ្នះ-ឈ្នះ» នាំមកនូវសន្តិភាពពេញលេញ និងការបន្តថែរក្សាសន្តិភាពនេះ ដោយរាជរដ្ឋាភិបាលអាណត្តិថ្មី ក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី ។ បន្ថែមលើនេះ ឯកឧត្តមវេជ្ជបណ្ឌិត ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសសហគមន៍ខ្មែរឥស្លាម ឱ្យចូលរួមការពារសន្តិភាព ឱ្យបានគង់វង្ស ទោះក្នុងតម្លៃណាក៏ដោយ ព្រោះការបំផ្លាញសន្តិភាពគឺងាយស្រួល ប៉ុន្តែការកសាងសន្តិភាពគឺលំបាកណាស់។
ក្នុងឱកាសនោះដែរ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តដ៏ថ្លៃថ្លា របស់ឯកឧត្តម សុះ មុះសិន ព្រមទាំងប្រតិភូ ជាពិសេសអង្គការមូស្លីមហេលហ្វិន នៅប្រទេសអាឡឺម៉ង់ តាមរយៈសមាគមនិស្សិតមុស្លិមកម្ពុជា ដែលបាននាំមកផ្តល់ជូននាឱកាសនេះ។
សូមបញ្ជាក់ថា ពិធីនេះបានធ្វើឡើងនៅ ២ ទីតាំង គឺបរិវេណវត្តនទីរង្សី (វត្តជីរោទ៍កណ្ដាល) និងបរិវេណសាលាបឋមសិក្សាបឹងព្រួល ក្នុងស្រុកត្បូងឃ្មុំ ដែលអំណោយសង្គ្រោះបន្ទាន់នេះ ទទួលបានក្នុង ១គ្រួសារ រួមមាន ៖ មី ទឹកស៊ីអ៊ីវ និងអង្ក ចំណាយថវិកាអស់ជាង ៩០លានរៀល៕

