(ត្បូងឃ្មុំ)៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «វិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។ ពិធីនេះធ្វើឡើងនៅសាលប្រជុំរំដួល (ខាងលើមន្ទីរធម្មការ និងសាសនាខេត្ត) ដោយមានការចូលរួមពីតំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង ៣ អាជ្ញាធរក្រុង-ស្រុក និងអ្នកពាក់ព័ន្ធជាច្រើនរូប។
នៅក្នុងរបាយការណ៍ស្វាគមន៍ លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានគូសបញ្ជាក់ថា បញ្ហាដឹកជញ្ជូនលើសទម្ងន់មិនត្រឹមតែបំផ្លាញផ្លូវថ្នល់ និងស្ពានប៉ុណ្ណោះទេ តែថែមទាំងជាឃាតករលាក់មុខគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិទៀតផង។ យោងតាមរបាយការណ៍រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំបានចុះបញ្ជីយានយន្តសរុប រួមមាន៖ រថយន្តធុនធំ ១៤៤គ្រឿង, រថយន្តធុនតូច ១៤៣គ្រឿង, ទោចក្រយានយន្ត ៧,៣៤៧គ្រឿង និងត្រីចក្រយានយន្ត ២៤៣គ្រឿង។ ទន្ទឹមនឹងនេះ មន្ទីរបាននឹងកំពុងចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍យ៉ាងសកម្មដល់មូលដ្ឋាន ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យនៃការដឹកជញ្ជូន។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត បានចាត់ទុកកិច្ចប្រជុំនេះជាសារដាស់តឿនដ៏សំខាន់ដល់ម្ចាស់យានយន្ត និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ឱ្យភ្ញាក់រលឹក និងប្រញាប់កែតម្រូវលក្ខណៈបច្ចេកទេសយានយន្តរបស់ខ្លួនឱ្យស្របតាមច្បាប់។ ឯកឧត្តមបានជំរុញឱ្យមន្ត្រីអនុវត្តច្បាប់ និងអាជីវករ រួមសហការគ្នាទប់ស្កាត់ការដឹកលើសទម្ងន់ ដើម្បីធានាថាផ្លូវថ្នល់អាចប្រើប្រាស់បានយូរអង្វែង។
ក្នុងឱកាសនោះ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ បានមានប្រសាសន៏សង្កត់ធ្ងន់ និងជំរុញដល់មន្ត្រីប្រចាំការនៅគ្រប់ស្ថានីយជញ្ជីងទាំងអស់ ត្រូវបំពេញតួនាទីដោយការទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់បំផុតលើការថ្លឹងយានយន្ត ដោយមិនត្រូវអនុវត្តផ្ទុយពីគោលការណ៍ដែលក្រសួងបានកំណត់ឡើយ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនទាំងអស់ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយមិនត្រូវដឹកទំនិញលើសទម្ងន់កំណត់ជាដាច់ខាត ដើម្បីរួមចំណែកថែរក្សាសម្បត្តិសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា៕

