រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធី បួងសួងសុំសេចក្តីសុខ ជូនវីរៈកងទ័ពកម្ពុជា នៅសមរភូមិ និងពិធីក្រុងពាលី រៀបចំទឹករាំ នៅមាត់ទន្លេសិប្បនិមិត្ត …..

ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតី ប្រារពពិធី បួងសួងសុំសេចក្តីសុខ ជូនវីរៈកងទ័ពកម្ពុជា នៅសមរភូមិ និងពិធីក្រុងពាលី រៀបចំទឹករាំ នៅមាត់ទន្លេសិប្បនិមិត្ត ទីរួមខេត្តត្បូងឃ្មុំ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយកទីចាត់ការសាលាខេត្ត មន្ទីរអង្គភាពជុំនាញជុំវិញខេត្ត កងកម្លាំងទាំងប្រដាប់អាវុធទាំង៣ អភិបាលក្រុង ស្រុកទាំង៧ និងអ្នកពាក់ព័ន្ធ។

ការប្រារព្ធពិធី បួងសួងសុំសេចក្តីសុខ ជូនវីរៈកងទ័ពកម្ពុជា នៅសមរភូមិ នេះ គឺក្នុងគោលបំណងបង្ហាញពីស្មារតីដឹងគុណូបការៈ ការលះបង់ វីរៈភាពដ៏អង្គអាចក្លាហាន របស់វីរៈកងទ័ពជួរមុខ ដែលកំពុងតស៊ូប្រយុទ្ធជាមួយសត្រូវឈ្លានពានទឹកដីកម្ពុជា នឹងសូមពរពីទេវតា តាមបីបាច់រក្សាការពារ កងទ័ពខ្មែរយើងឱ្យទទួលបានជ័យជំនះគ្រប់សមរភូមិមុខ។

ជាមួយគ្នានោះដែរ បន្ទាប់ពីកិច្ចពិធីបួងសួង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលខេត្ត បានធ្វើពិធីក្រុងពាលី រៀបចំទឹករាំ នៅមាត់ទន្លេសិប្បនិមិត្ត ដែលគ្រោងនឹងដំណើរការនាដើមឆ្នាំ២០២៦ ខាងមុខ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ទីជិតទីឆ្ងាយ ចូលមកទស្សនាលេងកម្សាន្តក្នុងទឹកដីនៃខេត្តត្បូងឃ្មុំ។

គូសបញ្ជាក់ផងដែរថា៖ រដ្ឋបាលខេត្តត្បូងឃ្មុំ កំពុងរៀបចំតំបន់មាត់ទន្លេសិប្បនិមិត្តឱ្យក្លាយជាគោលដៅទេសចរណ៍ក្នុងខេត្តត្បូងឃ្មុំ ដោយធ្វើការរៀបចំភ្លើងអគ្គីសនីលម្អតាមដងផ្លូវ ការរៀបចំសួនច្បារមាត់ទន្លេសិប្បនិមិត្ត រៀនចំស្លាក “ខ្ញុំស្រឡាញ់ត្បូងឃ្មុំ” សម្រាប់ថតរូបលេងកម្សាន្ត និង “រៀបចំទឹករាំ” សម្រាប់ភ្ញៀវទេសចរណ៍ចូលមកទស្សនា៕

Leave a Reply

Your email address will not be published. Required fields are marked *