លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ ឧបត្ថម្ភថវិកា និងគ្រឿងឧបភោគ-បរិភោគ ជូនដល់កងពលតូចថ្មើរជើងលេខ២១ ដើម្បីជួយសម្រួលជីវភាពកងទ័ព

(ខេត្តត្បូងឃ្មុំ)៖ ដោយអនុវត្តតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការចង្អុលដឹកនាំរបស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់តាំង លោកឧត្តមសេនីយ៍ត្រី ធាម ពិសិដ្ឋ ស្នងការរងទទួលផែនការងារធនធានមនុស្ស ដឹកនាំសហការី នាំយកអំណោយជាថវិកា និងគ្រឿងឧបភោគ-បរិភោគជាច្រើនមុខ ប្រគល់ជូនដល់កងកម្លាំងយោធិន នៃកងពលតូចថ្មើរជើងលេខ២១ នៅខេត្តត្បូងឃ្មុំ។ ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅទីតាំង ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីតំណាងកងពល និងមន្ត្រីពាក់ព័ន្ធផងដែរ។

យោងតាមរបាយការណ៍បានឱ្យដឹងថា អំណោយដែលត្រូវបានផ្តល់ជូននៅពេលនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ លោកឧត្តមសេនីយ៍ទោស្នងការ ដើម្បីចូលរួមចំណែកជួយសម្រួលដល់ការហូបចុក និងការបំពេញភារកិច្ចរបស់បងប្អូនកងទ័ព ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំ។

អំណោយសរុបគិតជាទឹកប្រាក់ចំនួន ១១,៣៨០,០០០ រៀល រួមមាន៖

១. ថវិកា៖ ៤,០០០,០០០ រៀល
២. អង្ករ៖ ១ តោន
៣. សាច់ក្រក៖ ៥០ គីឡូក្រាម
៤. មីជាតិ៖ ៣០ កេស
៥. ត្រីខ៖ ៥០ យួរ
៦. កាហ្វេ៖ ១ កេស
៧. អំបិល៖ ១០០ គីឡូក្រាម
៨. ប៊ីចេង៖ ២០ គីឡូក្រាម
៩. ទឹកត្រី៖ ២០ យួរ
១០. ទឹកស៊ីអ៉ីវ៖ ២០ យួរ
១១. ទឹកសុទ្ធ៖ ២០០ យួរ

គ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងថវិកា ដែលបានប្រគល់ជូននាពេលនេះ គឺកើតចេញពីទឹកចិត្តសប្បុរសធម៌ របស់លោកឧត្តមសេនីយ៍ទោ ចិន នី ព្រមទាំងមន្រ្តីនគរបាលជាតិក្រោមឱវាទ ចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានបង្ហាញពីភក្តីភាព និងទឹកចិត្តដ៏ល្អថ្លៃថ្លា ក្នុងស្មារតីសាមគ្គីភាពជាតិ «ខ្មែរជួយខ្មែរ» និងការពង្រឹងចំណងមិត្តភាពរវាងកងកម្លាំងនគរបាល (កម្លាំងជួរក្រោយ) ជាមួយវីរកងទ័ពជួរមុខ ដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ យ៉ាងរឹងមាំ។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី ១ទេ ដែលស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានធ្វើការឧបត្ថម្ភដល់អង្គភាពកងទ័ព សកម្មភាពនេះ បានបង្ហាញយ៉ាងច្បាស់នូវចំណងសាមគ្គីភាពយ៉ាងស្និទ្ធស្នាល និងកិច្ចសហប្រតិបត្តិការល្អ រវាងនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ក្នុងការការពារជាតិ និងបម្រើប្រជាជន៕

Leave a Reply

Your email address will not be published. Required fields are marked *