ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឧត្តមសេនីយ៍ត្រី សុខ ផល ដែលពលីជីវិតនៅសមរភូមិមុខ ក្នុងបេសកកម្មការពារទឹកដី

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូខេត្ត និងកងកម្លាំងទាំងបី អញ្ជើញដល់គេហដ្ឋានសព ដើម្បីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាជូនសព លោកឧត្តមសេនីយ៍ត្រី សុខ ផល នៅស្រុកមេមត់។

លោកឧត្តមសេនីយ៍ត្រី សុខ ផល ត្រូវបានចាត់ទុកជា វីរយុទ្ធជនឆ្នើម និងអង់អាចក្លាហាន ដែលបានពលីជីវិតក្នុងសមរភូមិមុខ នៅតំបន់ប្រាសាទតាក្របី ក្នុងបេសកកម្មការពារបូរណភាពទឹកដីកម្ពុជា ពីការឈ្លានពានយ៉ាងគគ្លឺនពីសំំណាក់ទ័ពសៀម។

ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវការសាកសួរសុខទុក្ខ និងសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខ និងការលះបង់របស់កងទ័ពជួរមុខ ក៏ដូចជាក្រុមគ្រួសារដែលកំពុងរងគ្រោះដោយសារសកម្មភាពឈ្លានពានដ៏ព្រៃផ្សៃ និងបំភ្លេចបំផ្លាញ មកលើទឹកដីកម្ពុជា។

ថ្លែងចំពោះមុខក្រុមគ្រួសារនៃសព ឯកឧត្តម ឡុង ធាម និងឯកឧត្តម ប៉ែន កុសល្យ ក៏ដូចជាគណៈប្រតិភូខេត្តទាំងមូល បានសម្ដែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាពអង់អាចក្លាហាន របស់លោកឧត្តមសេនីយ៍ សុខ ផល ហ៊ានពលីជីវិត ក្នុងបេសកកម្មការពារជាតិ ការពារទឹកដី ដែលការលះបង់ដ៏ធំធេង និងជាគុណបំណាច់មិនអាចកាត់ថ្លៃបាន ចំពោះប្រជាជាតិកម្ពុជាទាំងមូល ដែលយើងគ្រប់គ្នាត្រូវតែគោរពស្រឡាញ់ដឹងគុណ និងផ្តល់តម្លៃជាវីរបុរសរបស់ជាតិ សម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរស្រុក ឃុំ ត្រូវបន្តយកចិត្តដាក់លើក្រុមគ្រួសារកងទ័ពជួរមុខ ក៏ដូចជាគ្រួសារកងទ័ពពលី ដែលជួបការលំបាកខ្លាំងនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា ពិធីបុណ្យសពកំពុងប្រារព្ធធ្វើឡើងនៅគេហដ្ឋានសព ស្ថិតក្នុងភូមិក្តុលក្រោម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ៕

Leave a Reply

Your email address will not be published. Required fields are marked *