(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានចុះជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧០គ្រួសារ ក្នុងស្រុកមេមត់ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាព។
ក្នុងឱកាសដ៏មានអត្ថន៏យនេះ ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ (ហ្លួងម៉ែ) និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ក្រោមទិសស្លោកមនុស្សធម៌ ឯកឧត្តមបានបញ្ជាក់ជាថ្មីថា «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ដោយជួយសង្គ្រោះពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយ។
ឯកឧត្តម ក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាដែលជានិច្ចកាល សម្តេចតែងបានគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការដោះស្រាយឡើយ។
ឯកឧត្តម ប៉ែន កុសល្យ បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌ដែលបានចែកជូននាពេលនេះ គឺជាការចូលរួមចំណែកសម្រាលបន្ទុកជីវភាពបានមួយកម្រិត ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ក៏ដូចជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន
ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើសុខភាព និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសលើការដោះស្រាយបញ្ហាព្រំដែន និងការរក្សាសន្តិសុខជាតិ។
សកម្មភាពមនុស្សធម៌នាឱកាសនេះ ត្រូវបានបែងចែកជា ២ទីតាំងផ្សេងគ្នា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ រួមមាន៖
-ទីតាំងទី១៖ ស្ថិតនៅបរិវេណវត្តបទុមរតនារាម (មេមត់) ឃុំមេមត់ ដោយបានចែកជូនដល់គ្រួសារងាយរងគ្រោះចំនួន ៤៣គ្រួសារ។
-ទីតាំងទី២៖ ស្ថិតនៅបរិវេណទីធ្លាចម្ការ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ភូមិបេងកោង ឃុំទន្លូង ដោយបានចែកជូនដល់គ្រួសារងាយរងគ្រោះចំនួន ២៧គ្រួសារ៕ព័ត៌មានខេត្ត

