(ខេត្តត្បូងឃ្មុំ) ៖ ដើម្បីចូលរួមយ៉ាងសកម្មផុសផុលស្របតាមយុទ្ធសាស្រ្តក្រសួងព័ត៌មាន ក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ រដ្ឋបាលខេត្តត្បូងឃ្មុំ សហការជាមួយមន្ទីរព័ត៌មានខេត្ត នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ បានបើកយុទ្ធនាការផ្សព្វផ្សាយ និងដង្ហែក្បួនតាមទីសាធារណៈក្រោមពាក្យស្លោក «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» (Say No to Fake News) ដើម្បីបញ្ជ្រាបការយល់ដឹងដល់ពលរដ្ឋឱ្យប្រុងប្រយ័ត្នពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយក្នុងសង្គម ដោយពិធីនេះធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។
យុទ្ធនាការនេះ រៀបចំឡើងនៅអគារតេជោបូព៌ា ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្ត មេបញ្ជាការ-មេបញ្ជារង កងកម្លាំងទាំង បី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីជំនាញពាក់ព័ន្ធ មន្រ្តីរាជការនៃមន្ទីរព័ត៌មានត្បូងឃ្មុំ ស្ថាប័នវិស័យឯកជន អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា លោកគ្រូ អ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងសិស្សានុសិស្ស សរុបចំនួន ៥០០នាក់។
លោក ធីន ស៊ីថាច ប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ថ្លែងនៅរបាយការណ៍ដោយបញ្ជាក់ថា យុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ត្រូវបានរៀបចំឡើងដោយក្រសួងព័ត៌មានក្នុងន័យផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងដល់សាធារណៈជនទូទៅឱ្យមានការយល់ដឹងពីផល់ប៉ះពាល់ និងចេះប្រើប្រាស់ និងស្វែងយល់ពីព័ត៌មានណាដែលពិត និងព័ត៌មានណាមិនពិត នឹងស្វែងយល់ពីប្រភពរបស់ព័ត៌មានទាំងនោះដើម្បីបញ្ជៀសខ្លួនក្លាយជាឧបករណ៍របស់ជនអគតិ ទុច្ចរិតមួយចំនួន។
លោកប្រធានមន្ទីបានបន្តថា គិតត្រឹមរយៈពេល ៨ខែដើមឆ្នាំ២០២៥ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើការផ្សព្វផ្សាយ ផុសស្ទើរ (Poster) បានចំនួន ៧,៣១៦ ព្រមទាំងផលិតវីដេអូផ្សព្វផ្សាយពីយុទ្ធនាការបានចំនួន ២៣ ក្នុងនោះបានធ្វើការចុះផ្សព្វផ្សាយតាមបណ្តាឃុំ ស្រុក ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងរៀបចំយុទ្ធនាការក្បួនដង្ហែរធំក្នុងខេត្តត្បូងឃ្មុំក្នុងឱកាសនេះផងដែរ។
លោកប្រធានមន្ទីរ បានលើកឡើងថា ព័ត៌មានក្លែងក្លាយ គឺជាប្រភេទព័ត៌មានដែលគេច្នៃប្រឌិតឡើង ក្នុងគោលបំណងញុះញង់ បង្ករហនិភ័យ បង្កភាពអសន្តិសុខ និងបង្កភាពចលាចល ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ សេដ្ឋកិច្ច និងទំនុកចិត្តលើការដឹកនាំរបស់អាជ្ញាធរទៀតផង។
ក្នុងឱកាសនេះ ឯកឧត្តម ប៉ែន កុសល្យ មានប្រសាសន៍ថា ការធ្វើយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ក្រោមទិសស្លោក៖ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ!» ពិតជាមានសារៈសំខាន់ណាស់ ដល់មហាជន បានយល់ដឹងពីគ្រោះថ្នាក់ ដែលបណ្តាលមកពី ព័ត៌មានក្លែងក្លាយ ហើយក៏សារដ៏សំខាន់ ដើម្បីផ្តល់សុវត្ថិភាពព័ត៌មានក្នុងសហគមន៍ សង្គមជាតិ និងប្រជាពលរដ្ឋ។
ឯកឧត្តមអភិបាលខេត្ត បានធ្វើការស្នើសុំឱ្យប្រជាពលរដ្ឋ ជាពិសេសយុវជន និងសិស្ស និស្សិត ទាំងអស់ ត្រូវផ្ទៀងផ្ទាត់ប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងជឿលើព័ត៌មានអ្វីមួយ។ ម្យ៉ាងទៀត ក៏ត្រូវពិចារណាឱ្យច្បាស់លាស់មុនចែករំលែកព័ត៌មានលើបណ្ដាញសង្គម និងចែករំលែកដល់មិត្តភក្ដិ ឬក្រុមគ្រួសារ។
ឯកឧត្តម ក៏អំពាវនាវដល់អ្នកសារព័ត៌មាន ឱ្យផ្សព្វផ្សាយពិតគ្រប់ជ្រុងជ្រោយ មានប្រភពព័ត៌មានច្បាស់លាស់ ដើម្បីចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ។ ឯកឧត្តមអភិបាលខេត្ត ក៏បានបញ្ជាក់ថា អ្នកសារព័ត៌មាន ជាតួអង្គដ៏សំខាន់មួយក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។
មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានធ្វើការកោតសរសើរដល់ រដ្ឋបាលខេត្តត្បូងឃ្មុំ ជាពិសេសមន្ទីរព័ត៌មានខេត្ត ដែលបានអនុវត្តនៅយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយយ៉ាងសស្រាក់សស្រាំ ដែលយុទ្ធនាការនេះនឹងធ្វើឱ្យពលរដ្ឋមានការយល់ដឹងកាន់តែច្បាស់ និងធ្វើការបែងចែកនៅប្រភពព័ត៌មានបានច្បាស់លាស់ ហើយស្របទៅតាមទិសដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានផងដែរ។
ឯកឧត្តមអនុរដ្ឋលេខាធិការ សំណូមពរឱ្យបន្តយុទ្ធនាការនេះបន្តទៀតដូចភ្លៀងរលឹម ដើម្បីកាត់បន្ថយផល់ប៉ះពាល់អវិជ្ជមាននៃព័ត៌មានគ្រប់ប្រភេទ ជាព័ត៌មានក្លែងក្លាយក្នុងសម័យឌីជីថលនេះ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទីមួយទេដែលមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ បានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពោលកន្លងមកមន្ទីរព័ត៌មានខេត្ត បានធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយដល់មហាជន ជាពិសេសស្រទាប់យុវជន និងសិស្សនិស្សិត ក្នុងទិសដៅប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយទទួលបានជោគជ័យ៕

