(ត្បូងឃ្មុំ)៖ មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៦ ក្រោមអធិបតីភាពបើកដោយឯកឧត្តម ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈ អភិបាលខេត្តត្បូងឃ្មុំ និងបិទដោយលោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងមតិស្វាគមន៍ និងរបាយការណ៍បូកសរុប លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានរាយការណ៍ពីសមិទ្ធផលការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅឆ្នាំ២០២៦ ជូនអង្គពិធីជ្រាប និងបានរំលេចនូវចំណុចគន្លឹះសំខាន់ៗ ដែលមន្ទីរសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រួមមាន៖ វិស័យការងារ និងការដោះស្រាយវិវាទ, ការពង្រីកវិសាលភាពកិច្ចការងារ របស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET 1.5M) និងការតែងតាំងមន្ត្រីថ្មី នៃមន្ទីរ។
លោក អ៊ុំ វាសនា បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល អាណត្តិទី៧ និងការចង្អុលបង្ហាញ ដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីធានាឱ្យបាននូវ “ការងារសមរម្យ និងចំណូលខ្ពស់” ជូនប្រជាពលរដ្ឋ។ សម្រាប់ទិសដៅឆ្នាំ២០២៦ លោកប្រធានមន្ទីរបានប្តេជ្ញាចិត្តនឹងបន្តធ្វើទំនើបកម្មសេវាសាធារណៈ ពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រីកការបណ្តុះបណ្តាលជំនាញ ឱ្យកាន់តែសម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងខេត្តត្បូងឃ្មុំ។
ក្នុងឱកាសនោះ ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរការងារ សាខា ប.ស.ស ខេត្ត និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសម្រេចសមិទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ២០២៥ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិត។
ឯកឧត្តមបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានផ្តល់អាទិភាពខ្ពស់បំផុត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ជាពិសេសការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស (TVET) ដើម្បីធានាថា «ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»។
ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំរយៈពេលពេញមួយថ្ងៃនេះ នឹងក្លាយជាត្រីវិស័យដ៏សំខាន់សម្រាប់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ក្នុងការសម្រេចឱ្យបាននូវទិសដៅការងារឆ្នាំ២០២៦ ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងជំរុញសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងឱកាសបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦នោះ លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានលើកឡើងនូវចំណុចសំខាន់ៗដែលជាទិសដៅអាទិភាពសម្រាប់ឆ្នាំ២០២៦ ដោយថ្លែងនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តអនុវត្តអនុសាសន៍របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើកកម្ពស់ជីវភាពកម្មករនិយោជិត និងពង្រឹងកម្លាំងពលកម្មជំនាញក្នុងខេត្ត។
ជាកិច្ចបញ្ចប់ លោក អ៊ុំ វាសនា ប្រធានមន្ទីរ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រមភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងត្រូវ «រៀនសូត្រជាប្រចាំ» ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យា។ លោកប្រធានមន្ទីរ ជឿជាក់ថា ផ្អែកលើសមិទ្ធផលឆ្នាំ២០២៥ មន្ទីរការងារខេត្តត្បូងឃ្មុំ នឹងសម្រេចបាននូវលទ្ធផលកាន់តែធំធេងនៅឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល៕


