(ខេត្តត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ នៅសាលប្រជុំ (ខ) សាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរង នៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការត្រៀមរៀបចំដាក់តាំងពិព័រណ៍ផលិតផលនានា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពពាក់ព័ន្ធ ការិយាល័យជំនាញនៃរដ្ឋបាលខេត្ត ព្រមទាំងតំណាងក្រុមហ៊ុន ផលិតករ អាជីវករ សិប្បករ និងភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
ឯកឧត្តម ចេង ប៊ុណ្ណារ៉ា បានមានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីរៀបចំផែនការ និងការបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ផលិតផលឱ្យមានភាពអធិកអធម សំដៅបង្កលក្ខណៈសប្បាយរីករាយជូនប្រជាពលរដ្ឋក្នុងខេត្ត ក៏ដូចជាការលើកកម្ពស់ផលិតផលក្នុងស្រុក និងជំរុញសកម្មភាពសេដ្ឋកិច្ចតាមរយៈការដាក់តាំងលក់ផលិតផលកសិកម្ម សិប្បកម្ម និងទំនិញប្រើប្រាស់ផ្សេងៗ។
ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់មន្ទីរជំនាញ និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ជាពិសេសលើការរៀបចំសណ្តាប់ធ្នាប់ អនាម័យ និងសុវត្ថិភាពក្នុងតំបន់ពិព័រណ៍ ដើម្បីធានាថាព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ស្របតាមការណែនាំរបស់រដ្ឋបាលខេត្ត។
សូមជម្រាបជូនថា សម្រាប់ទីតាំងត្រៀមរៀបចំតាំងពិពរណ៍ មានទីតាំងនៅលើខឿនជាប់ផ្លូវខាងជើងវេទិកាប្រគុំតន្រ្តី ជិតរង្វង់មូល និងសួនច្បារខាងមុខបូរីរដ្ឋបាលខេត្តត្បូងឃ្មុំ ដែលរួមមានកម្មវិធី៖ ប្រគុំតន្ត្រី ប្រដាល់គុនខ្មែរ ពិព័រណ៍ផលិតផល “ភូមិមួយ ផលិតផលមួយ”ក្នុងស្រុក ដែលក្នុងនោះមានផលិតផល ដែលត្រូវដាក់តាំងបង្ហាញមានចំនួន ១៧ ស្តង់៕


