ឯកឧត្តម វង សូត អញ្ជើញបើកបវេសនកាល ឆ្នាំ២០២៥ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ក្នុងទីរួមខេត្តត្បូងឃ្មុំ .

(ត្បូងឃ្មុំ) ៖ ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រទេសជាតិរីកចម្រើន មានការអភិវឌ្ឍជឿនលឿនរឹងមាំ គឺពឹងលើធនធានមនុស្ស ដែលមានបញ្ញាញាណខ្លាំងក្លា។ ដូច្នេះ ប្អូនៗក្មួយៗនិស្សិតទាំងអស់ ប្រឹងប្រែងសិក្សារៀនសូត្រឲ្យបានខ្លាំងក្លា ដើម្បីជាទំពាំងស្នងប្ញស្សី ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យមានការអភិវឌ្ឍរីកចម្រើនជឿនលឿន ក្លាយជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០ ដែលជាបំណងប្រាថ្នាពលរដ្ឋខ្មែរគ្រប់រូប។

ការលើកឡើងរបស់ឯកឧត្តម វង សូត ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ដោយមានវត្តមានអញ្ជើញចូលរួមពី ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ, ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, លោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, មេបញ្ជាការកងកម្លាំងទាំងបី, ព្រះសង្ឃ, គណៈគ្រប់គ្រងសាកលវិទ្យាល័យ, សាស្ត្រាចារ្យ, បុគ្គលិកអប់រំ, លោកគ្រូ អ្នកគ្រូ, មាតា បិតា និងនិស្សិតយ៉ាងច្រើនកុះករផងដែរ។

លោកសាស្រ្តាចារ្យរងបណ្ឌិត ពិន វណ្ណារ៉ូ សាកលវិទ្យាធិការសាកលវិទ្យាល័យ បានធ្វើសេចក្តីរាយការថា សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ រួមមាន៖ មហាវិទ្យាល័យចំនួន០៤ វិទ្យាស្ថានចំនួន៣ ដេប៉ាតឺម៉ង់ចំនួន២១ ស្មើនឹងមុខជំនាញចំនួន៣៥។ ការបណ្តុះបណ្តាលនិស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បានបណ្តុះបណ្តាលសិស្ស-និស្សិតបានបញ្ចប់ដោយជោគជ័យ ដែលមាននិស្សិតសរុបចំនួន ១,៤៤៧ នាក់ ស្រីសរុបចំនួន ៨៨៤ នាក់ ក្នុងនោះមាន៖ បរិញ្ញាបត្រជាន់ខ្ពស់ មានចំនួន០៩នាក់ ស្រី០៧នាក់ ថ្នាក់បរិញ្ញាបត្រ មានចំនួន ១០៤០ នាក់ ស្រី៦៥០នាក់ ថ្នាក់បរិញ្ញាបត្ររង មានចំនួន ១៤៩ នាក់ ស្រី ៨១នាក់ និងនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ បាននិងកំពុងបណ្តុះបណ្តាលសិស្ស-និស្សិតសរុបចំនួន ២៤១០ នាក់ ស្រីសរុបចំនួន ១៤៦៧ នាក់ ក្នុងនោះមាន៖ បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៨៩នាក់ ស្រី២៥នាក់ ថ្នាក់បរិញ្ញាបត្រចំនួន ២០៧២នាក់ ស្រី១៣០៤នាក់ ថ្នាក់បរិញ្ញាបត្ររងចំនួន ២៩នាក់ ស្រី ១៤នាក់ ថ្នាក់អប់រំបច្ចេកទេសចំនួន២២០នាក់ ស្រី១២៤នាក់។

ក្នុងឱកាសនោះ ឯកឧត្តម វង សូត បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា  សម្តេចអគ្គមហាសេនាបតីតេជោ  ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ប្អូនៗនិស្សិតទាំងអស់ដោយក្តីនឹករលឹក។

ឯកឧត្តមអនុប្រធានទី២ រដ្ឋសភា បានបន្តទៀតថា ក្នុងកាលៈទេសៈដែលខ្មែររងការឈ្លានពានពីទាហានថៃ ឯកឧត្តមបានឱ្យនិស្សិតជឿជាក់លើថ្នាក់ដឹកនាំជាតិយើង ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលពោរពេញដោយបទពិសោធ ប្រាជ្ញាស្មារតីវាងវៃ និងការលះបង់ខ្ពស់ក្នុងបុព្វហេតុបម្រើការពារជាតិមាតុភូមិ។

ឯកឧត្តម ក៏បានលើកឡើងបន្ថែមថា ធនធានមនុស្ស គឺជាកត្តាសំខាន់ និងមិនអាចខ្វះបានសម្រាប់កសាង និងអភិវឌ្ឍសង្គមជាតិ។ ប្រទេសនីមួយៗអាចរីកចម្រីន ជឿនលឿនទៅបាន គឺអាស្រ័យដោយមានធនធានមនុស្ស ប្រកបដោយចំណេះវិជ្ជា គតិបណ្ឌិត និងសីលធម៌ល្អ ដែលចេះគិតគូរដោះស្រាយរាល់បញ្ហាប្រកបដោយភាពឆ្លាតវៃ និងអាចដឹកនាំប្រកបដោយភាពប៉ិនប្រសប់។រាជរដ្ឋាភិបាលកម្ពុជា អាចរីកចម្រើនជឿនលឿនអភិវឌ្ឍទៅបាន គឺពឹងលើក្មួយៗជំនាន់ក្រោយទាំងអស់នេះហើយ។

ជាទីបញ្ចប់ឯកឧត្តម វង សូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ គណៈគ្រប់គ្រងសាកលវិទ្យាល័យ ព្រមទាំងសាស្រ្តាចារ្យទាំងអស់ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត ប្រាជ្ញាស្មារតី ដឹកនាំដំណើរការសាកលវិទ្យាល័យព្រមទាំងការបំពេញការងារដទៃទៀត តាមគ្រប់រូបភាពប្រកបដោយប្រសិទ្ធភាព និងស្មារតីសាមគ្គីភាព និងស្នើស្ថាប័ន អង្គភាពពាក់ព័ន្ធ ជាពិសេសមាតាបិតា និងឤណាព្យាបាលទាំងអស់ សូមបន្តចូលរួមគាំទ្រ និងអភិវឌ្ឍវិស័យអប់រំរបស់យើង ឱ្យកាន់តែសកម្ម និងខ្លាំងក្លា ដើម្បីជួយដល់និស្សិតឱ្យក្លាយជាធនធានមនុស្ស មានសមត្ថភាពពេញលេញ និងសុខភាពល្អប្រសើរ សម្រាប់ជាធនធានបន្តវេន ដ៏មានសក្តានុពល ក្នុងការចូលរួមការពារអភិរក្ស និងអភិវឌ្ឍជាតិ។

ជាមួយគ្នានោះ ឯកឧត្តម បានឧបត្ថម្ភថវិកាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចវង្សាសៅទី ចំនួន៤០លានរៀលសម្រាប់កសាងសាកលវិទ្យាល័យបន្ត ឧបត្ថម្ភសាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ៥ម៉ឺនរៀល សិស្ស និស្សិតក្នុងម្នាក់ៗ ២ម៉ឺនរៀល ឧបត្ថម្ភក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ៥០ ម៉ឺនរៀល និងឧបត្ថម្ភកម្លាំងការពារថវិកាចំនួន១ លានរៀលផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *