(ខេត្តត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៦ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធានការិយាល័យគណនេយ្យ សម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ ព្រមទាំងនាយក នាយករង សាលាមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សាសាធារណៈ មកពីក្រុង/ស្រុក នៅទូទាំងខេត្ត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងគណៈគ្រប់គ្រងសាលារៀនយ៉ាងច្រើនកុះករ។
តាមរបាយការណ៍របស់ លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ នេះ ក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត មន្ទីរបានរៀបចំតែងតាំងគណៈគ្រប់គ្រងសាលារៀនបំពេញបន្ថែមតាមកន្លែងចន្លោះប្រហោងបានចំនួន ១៧៩ នាក់ (ស្រី ៨៣ នាក់) និងប្រធានការិយាល័យគណនេយ្យ សម្ភារៈ និងទ្រព្យសម្បត្តិរដ្ឋ នៃមន្ទីរ ចំនួន ១ នាក់ ដើម្បីធានាប្រសិទ្ធភាពដឹកនាំស្របតាមកំណែទម្រង់ស៊ីជម្រៅរបស់ក្រសួងអប់រំ។ បច្ចុប្បន្ន ខេត្តត្បូងឃ្មុំមានសាលារៀនគ្រប់កម្រិតសរុប ៨៥៧ កន្លែង, សិស្សានុសិស្ស ១៧៩,១១២ នាក់ និងបុគ្គលិកអប់រំ ៧,៣៣៩ នាក់។ ក្រៅពីនេះ មន្ទីរក៏បានអនុវត្តកម្មវិធីអប់រំក្រៅប្រព័ន្ធចំនួន ៥ ជំរុញការប្រឡងសិស្សពូកែ បង្កើតក្រុមភ្លេងយុវជនកាយរឹទ្ធិ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡដ្ឋានខេត្តផងដែរ។
ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការអប់រំ និងលោកគ្រូ-អ្នកគ្រូទាំងអស់ ដែលបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ។ ឯកឧត្តមបានគូសបញ្ជាក់ថា វិស័យអប់រំគឺជាកត្តាស្នូលក្នុងការកសាងមូលធនមនុស្ស ប្រកបដោយគុណភាព សីលធម៌ និងបច្ចេកវិទ្យា ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារក្នុងយុគសម័យឌីជីថល។
ឯកឧត្តមអភិបាលខេត្ត បានបន្តថា ការតែងតាំងនាពេលនេះ មិនមែនជាការផ្តល់អំណាច ឬបុណ្យស័ក្តិសម្រាប់បង្អួតគ្នានោះទេ ប៉ុន្តែគឺជាការប្រគល់ “ទំនួលខុសត្រូវ” និង “បេសកកម្ម” ក្នុងការកសាងធនធានមនុស្សសម្រាប់ជាតិ។ សាលារៀនគឺជាសមរភូមិជួរមុខក្នុងការប្រយុទ្ធប្រឆាំងនឹងភាពអវិជ្ជា ហើយគណៈគ្រប់គ្រងសាលាទាំងអស់ប្រៀបដូចជា “មេទ័ព” ដែលត្រូវដឹកនាំសមរភូមិនេះឱ្យទទួលបានជោគជ័យ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមក៏បានប្រសិទ្ធនាមលោកគ្រូ-អ្នកគ្រូថាជា «មាតាបិតាទី២» និងជាទៀនបំភ្លឺផ្លូវដ៏មានគុណូបការៈ ហើយបានលើកទឹកចិត្តដល់គណៈគ្រប់គ្រងដែលទើបតែងតាំងថ្មី ត្រូវធ្វើជាបង្អែកដ៏កក់ក្តៅ និងជាអ្នកសម្របសម្រួលដ៏ល្អសម្រាប់លោកគ្រូ-អ្នកគ្រូ។
ដើម្បីឆ្លើយតបទៅនឹងបរិបទប្រកួតប្រជែងសកល និងតម្រូវការសាលារៀនគំរូទាំង៥ របស់ក្រសួងអប់រំ ឯកឧត្តម ប៉ែន កុសល្យ បានដាក់ចេញនូវវិធានការណែនាំចំនួន ៥ ចំណុច ដល់គណៈគ្រប់គ្រងសាលាទាំងអស់រួមមាន៖
១. រក្សាសាមគ្គីភាពផ្ទៃក្នុង៖ ត្រូវបង្កើនការចុះសម្រុង និងការពិគ្រោះយោបល់រវាងគណៈគ្រប់គ្រង និងលោកគ្រូ-អ្នកគ្រូ។
២. តម្លាភាពក្នុងការគ្រប់គ្រង៖ ត្រូវគ្រប់គ្រងថវិការដ្ឋ (PB) និងថវិកាសប្បុរសជន ឱ្យបានច្បាស់លាស់ និងរាយការណ៍ជូនសហគមន៍។
៣. អភិវឌ្ឍសមត្ថភាពជាប្រចាំ៖ ត្រូវដើរឱ្យទាន់បច្ចេកវិទ្យាព័ត៌មាន និងវិធីសាស្ត្រគ្រប់គ្រងបែបទំនើប។
៤. យកចិត្តទុកដាក់លើសុខុមាលភាពគ្រូ៖ ត្រូវចេះលើកទឹកចិត្ត និងជួយសម្រួលការលំបាកដល់លោកគ្រូ-អ្នកគ្រូក្រោមបង្គាប់។
៥. ទប់ស្កាត់គ្រឿងញៀន និងល្បែងស៊ីសង៖ សហការជាមួយសមត្ថកិច្ចធានាបង្កើត «តំបន់ស» គ្មានគ្រឿងញៀន ល្បែងស៊ីសង និងក្មេងទំនើង នៅក្នុងនិងជុំវិញសាលារៀន។
ជាទីបញ្ចប់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានអំពាវនាវដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត សូមបន្តផ្តល់ការគាំទ្រ និងសហការជិតស្និទ្ធជាមួយគណៈគ្រប់គ្រងសាលារៀនដែលទើបតែងតាំងថ្មី ដើម្បីរួមគ្នាលើកកម្ពស់វិស័យអប់រំនៅក្នុងខេត្តត្បូងឃ្មុំ ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀត៕

